ភ្នំពេញ÷ ដោយសង្កេតឃើញថានៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់តាមបណ្ដោយផ្លូវជាតិលេខ ៦អា ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ក៏ដូចជាបណ្ដាខេត្តមួយចំនួន ផ្សេងទៀត បានទម្លាក់ផ្ទាំងប៉ាណូការផ្សព្វផ្សាយគ្រឿងស្រវឹងអស់ហើយ នៅឡើយតែរាជធានីភ្នំពេញ ។
ពលរដ្ឋបានលើកឡើងថា នៅតាមដងផ្លូវសាធារណៈក៏ដូចជាទីប្រជុំជន ជាពិសេសក្រុងភ្នំពេញនេះតែម្តង គួរណាតែធ្វើជាគំរូដល់បណ្ដាខេត្តផ្សេងៗ ឲ្យអនុវត្តតាម តែនេះជាក់ស្ដែងនៅតាមបណ្ដាខេត្តធ្វើជាគំរូទៅវិញ ។ស្របពេលនោះដែរ ថ្មីៗមកនេះ ដោយមានក្រុមហ៊ុនស្រាបៀរមួយចំនួន បានបង្កើតប្រម៉ូដសិនជាច្រើន ដើម្បីជាការទាក់ទាញដល់ប្រជាជនកម្ពុជាដែលនិយមពិសានៅគ្រឿងស្រវឹង ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងារ ដើម្បីកំណត់វិធានការបច្ចេទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត ជាពិសេសរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈ នៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ ៕អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន ។សូមអរគុណ