ភ្នំពេញ÷ក្នុងការចូលរួមបំពេញបេសកកម្មរយៈពេល១៨ឆ្នាំមកនេះគឺពោរពេញទៅដោយការលះបង់ ទាំងពេលវេលា និងអាយុជីវិតរបស់កងកម្លាំងមួកខៀវកម្ពុជា ក្នុងបុព្វហេតុ ថែរក្សាសន្តិភាពរបស់សហប្រជាជាតិក្នុងបណ្តាប្រទេសដែលរងគ្រោះ និងមានបញ្ហាអស្ថិរភាព។ ស្របពេលដែលការខិតខំប្រឹងប្រែង និងការចូលរួមនេះ កម្ពុជាទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីសហគមន៍អន្ដរជាតិទាំងនៅក្នុងតំបន់ និងពិភពលោក។
ជាមួយនឹងមោទនភាពនេះ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប់ចំណាត់ថ្នាក់លេខរៀងទី២៧ ក្នុងចំណោម១១៩ប្រទេស ដែលបានលះបង់កងម្លាំងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងឈរលំដាប់លេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន។បើតាមមន្រ្ដីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមបានឱ្យដឹងថា នេះគឺជាការវាយតម្លៃរបស់អង្គការសហប្រជាជាតិដែលបានដាក់ចំណាត់ថ្នាក់ឱ្យកម្ពុជាឈរនៅលេខរៀងល្អ ដែលបានលើកទឹកចិត្ដ និងបានបង្ហាញពីការលះបង់របស់កងកម្លាំងមួកខៀវកម្ពុជានៅក្នុងបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក៏ជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជាក្នុងការទទួលបាននូវកិត្ដិយស និងបង្ហាញឱ្យគេស្គាល់កាន់តែច្រើននៅលើឆាកអន្ដរជាតិផងដែរ។ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) កាលពីពេលថ្មីៗនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមបានថ្លែងថា ក្នុងបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជា និងបើយោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កម្ពុជាជាប់លំដាប់លេខរៀងទី២៧ ក្នុងចំណោម១១៩ប្រទេស ដែលបានលះបង់កងកម្លាំង និងលេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន។ សម្រាប់កងកម្លាំងនារីឈរលំដាប់ថ្នាក់ទី១៤ ក្នុងចំណោម១១៩ប្រទេស ហើយជាប់លេខ២ក្នុងចំណោបណ្តាប្រទេសអាស៊ាន។ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានលើកឡើងថា ការវាយតម្លៃនេះវាបានបង្ហាញពីរាល់បេសកកម្មរបស់កម្ពុជាយើង គឺទទួលបានជោគជ័យ និងមានកិត្តិយស ដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសបានឆ្លុះបង្ហាញថា រាល់បេសកកម្មទាំងអស់ត្រូវបានទទួលស្គាល់ និងចាត់ទុកជាវីរភាពដែលកម្ពុជាបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែតស្មើមុខ ស្មើមាត់នៅលើឆាកអន្ដរជាតិ។ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានមានប្រសាសន៍ថា លើសពីនេះ កម្ពុជានៅតែបន្តការប្តេជ្ញាចូលរួមបេសកកម្មរក្សាសន្តិភាពបន្តទៀតនៅពេលមានតម្រូវការពីអង្គការសហប្រជាជាតិ(UN)។ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានបន្ដ ថា ក្នុងបេសកម្មនៃការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមក្របខ័ណ្ឌប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កន្លងមកគឺបានទទទួលការបណ្តុះបណ្តាលជំនាញយ៉ាងច្បាស់លាស់ទៅតាមការកំណត់នៃបេសកម្មនីមួយៗ។ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានថ្លែងបញ្ជាក់ថា៖ «ក្នុងបេសកម្មនេះដែរកម្ពុជាទទួលបន្ទុកសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្ម ព្រលានយន្តហោះ កងរាជអាវុធហត្ថ វិស្វកម្មពហុជំនាញ សុខាភិបាល វិស្វកម្មសំណង់ដេក និងសំណង់ឈរ សេនាធិការ និងសង្កេតការណ៍យោធាជាដើម»។ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សែម រតនា បានថ្លែងឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៤ ដែលមាន រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួន ៩ ៨១៩ នាក់ ក្នុងនោះមានស្រ្តីចំនួន ៨៥៦នាក់ហើយ បានបំពេញបេសកម្មចំនួន១២ប្រទេស ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល កោះសាយប្រឺស យេមែន កុងហ្គោ …និងតំបន់បេសកកម្មពិសេស អាប៊ីយេ។ដោយឡែកនាពេលបច្ចុបុ្បន្ននេះកងកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកម្មមានចំនួន ៦២៧នាក់ ក្នុងនោះ ស្រ្តីចំនួន១៣១នាក់ ស្មើនឹង២១ភាគរយដែលលើសពីការរំពឹងទុក។ ឯកឧត្ដមឧត្ដមសេនីយ៍ទោបានឱ្យដឹងទៀតថា កងកម្លាំងកម្ពុជាកំពុងមានវត្ដមាន និងបំពេញការងារនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងកុងហ្គោលើជំនាញដោះមីន អាវុធហត្ថ វិស្វកម្មព្រលានយន្តហោះ សុខាភិបាល កម្ទេចគ្រាប់មិនទាន់ផ្ទុះ ជំនាញនាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ជាដើម។ ឯកឧត្តម ឧត្ដមសេនីយ៍ទោបានបញ្ជាក់ឱ្យដឹងថា៖ «កម្ពុជាយើងធ្លាប់ទទួលបានការជួយពីអាជ្ញាធរ UNTAC នាឆ្នាំ ១៩៩១-១៩៩៣ ពេលនេះកម្ពុជាបានប្រែពីប្រទេសធ្លាប់ទទួលវត្តមានកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ។ ប៉ុន្ដែឥឡូវក្លាយជាប្រទេសមួយដ៏សកម្ម ក្នុងការបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព និងជាប្រទេសមួយដែលមានសមត្ថភាពហ្វឹកហ្វឺនជូនបណ្តាប្រទេស សមាជិកអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកិត្យានុភាពកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ»។ជាមួយគ្នានេះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សែម រតនា បានបញ្ជាក់ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាមានលំហាត់ហ្វឹកហ្វឺនជាច្រើន និងជាប្រទេសមួយធ្លាប់ទៅចូលរួមវគ្គហ្វឹកហ្វឺនជាមួយបណ្ដាប្រទេសជាច្រើន ហើយកម្ពុជាក៏បានក្លាយជាប្រទេសមួយដែលទទួលការហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ផងដែរ។ ចំពោះកម្ពុជាយើងបានធ្វើការហ្វឹកហ្វឺនមានជាច្រើនវគ្គ និងជំនាញកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ។ ប៉ុន្ដែឥឡូវក្លាយជាប្រទេសមួយដ៏សកម្ម ក្នុងការបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព និងជាប្រទេសមួយដែលមានសមត្ថភាពហ្វឹកហ្វឺនជូនបណ្តាប្រទេស សមាជិកអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកិត្យានុភាពកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ»។ជាមួយគ្នានេះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សែម រតនា បានបញ្ជាក់ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាមានលំហាត់ហ្វឹកហ្វឺនជាច្រើន និងជាប្រទេសមួយធ្លាប់ទៅចូលរួមវគ្គហ្វឹកហ្វឺនជាមួយបណ្ដាប្រទេសជាច្រើន ហើយកម្ពុជាក៏បានក្លាយជាប្រទេសមួយដែលទទួលការហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ផងដែរ។ ចំពោះកម្ពុជាយើងបានធ្វើការហ្វឹកហ្វឺនមានជាច្រើនវគ្គ និងជំនាញ ដែលយើងបានរៀបចំធ្វើជាម្ចាស់ផ្ទះលើវគ្គហ្វឹកហ្វឺន GPOI (ជាមួយ សហរដ្ឋអាមេរិក) ឆ្នាំ២០១០ ដែលមាន ២៣ប្រទេស។ ឯកឧត្ដម ឧត្ដមសេនីយ៍ទោក៏បានអះអាងថា កម្ពុជាតែងតែចូលរួមបើកវគ្គហ្វឹកហ្វឺនជាមួយប្រទេសបារាំង ថ្នាក់អាស៊ាន និងតំបន់ ហើយក៏បានរៀបចំវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់លើគម្រោងត្រីភាគី កម្ពុជា-កូរ៉េ និងអង្គការសហប្រជាជាតិ។ ទន្ទឹមនេះដែរ វគ្គត្រីភាគីកម្ពុជា-ជប៉ុន និងអង្គការសហប្រជាជាតិ (សំណង់ស្ពានដែក) វគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន និងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់(១៧ប្រទេស) រួមមានប្រទេសទាំងក្នុងអាស៊ាន និងក្រៅអាស៊ានចូលរួម។ លើសពីនេះទៀត លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងក្របខ័ណ្ឌរដ្ឋមន្រ្ដីការពារជាតិអាស៊ានបូកដែលមានឈ្មោះថា “មាតុភូមិដ៏បវរឆ្នាំ២០២៣” ស្ដីពីសកម្មភាពមីនមនុស្សធម៌ដែលមាន១៤ប្រទេសចូលរួម។ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានអះអាងបន្ថែមថា កម្ពុជាបានហ្វឹកហាត់ជាមួយបណ្តាប្រទេសធំៗដែលយើងអាចមានកងកម្លាំងជំនាញក្នុងការថែរក្សាសន្តិភាពក្រោមក្របខ័ណ្ឌប្រតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយក៏យើងទទួលជោគជ័យនៃបេសកកម្មក្រៅប្រទេស។ ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានគូសបញ្ជាក់ឱ្យដឹងទៀតថា៖ «បញ្ហាកើតឡើងជារៀងរាល់ថ្ងៃក្នុងគ្រប់តំបន់បេសកកម្មពិតជាមានហានិភ័យខ្ពស់ដែលទាមទារឱ្យកម្លាំងរក្សាសន្ដិភាពទាំងមូលធ្វើនវានុវត្ដន៍ជាប្រចាំ ដើម្បីឆ្លើយតបទាន់ពេលវេលា និងចំគោលដៅនៃបញ្ហាដែលចាក់ស្រេះនៅតាមតំបន់បេសកកម្ម»។បើទោះបីកម្ពុជាទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីប្រទេសក្នុងតំបន់ និងពិភពលោកក្នុងការចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិយ៉ាងណាក្ដី ក៏កងកម្លាំងមួកខៀវកម្ពុជាបានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរក្នុងការបំពេញការងារ ដោយក្នុងនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សែម រតនា បានលើកឡើងផងដែរថា កងកម្លាំងមួកខៀវកម្ពុជាដែលបានចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសបានជួបនូវបញ្ហាប្រឈមជាច្រើនផងដែរដូចជា បញ្ហាកង្វះទឹកស្អាត គ្រោះធម្មជាតិ ព្យុះខ្សាច់សាហារ៉ា អាកាសធាតុក្ដៅ និងត្រជាក់ខ្លាំង គ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តំបន់ភ្នំ ខ្ពង់រាប និងព្រៃក្រាស់ បញ្ហាជំងឺគ្រុនចាញ់ អេប៊ូឡា និងជាពិសេសជំងឺកូវីដ១៩។ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្ដម ប្រាក់ សុខុន ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលតែងតែយកចិត្ដទុកដាក់ ផ្ដល់ការគាំទ្រ និងផ្ដាំផ្ញើសួរសុខទុក្ខជាប្រចាំដល់កងកម្លាំងកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សាសន្ដិភាពនៅក្រៅប្រទេស។ ឯកឧត្ដម ឧត្ដមសេនីយ៍ទោបានសង្កត់ធ្ងន់ថា៖ «មានសន្ដិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ ហើយមានសន្ដិភាពក្នុងប្រទេស ទើបអាចចូលរួមចំណែកកសាង និងរក្សាសន្ដិភាពនៅលើពិភពលោកបាន»។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមបានឱ្យដឹងថា ក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ កងកម្លាំងមួកខៀវកម្ពុជាដែលបានពលីក្នុងបុហ្វហេតុបេសកកម្មរក្សាសន្តិភាពមានចំនួនសរុប១១នាក់ ក្នុងនោះបណ្តាលមកពីកត្តាមួយចំនួនដូចជា គ្រោះធម្មជាតិ ព្យុះខ្សាច់សាហារ៉ា ការវាយប្រហារដោយក្រុមឧទ្ទាម ជំងឺកាចសាហាវ ដូចជាគ្រុនចាញ់ គ្រុនឈាម និងកូវីដ១៩៕ដោយ៖ ដេប៉ូ និង រិទ្ធី, រូបថត៖ មជ្ឈមណ្ឌលជាតិរក្សាសន្ដិភាព