ភ្នំពេញ } ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវព្រះទ័យចូលរួមអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរ ឡើងជាលំដាប់ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យានវានុវត្តន៍ និងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងព្រះរាជសារព្រះអង្គបានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ព្រះករុណាឬបានមានព្រះរាជឱង្ការគូសបញ្ជាក់ថា ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានា នៃ រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងារយ៉ាងសកម្មនៅតាមមណ្ឌល រាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង មានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហា ប្រឈម និងសំណូមពរ ជូនដល់ប្រជារាស្ត្រ បានយ៉ាងច្រើនគួរកោតសរសើរ។បន្ថែមពីនេះ គណៈកម្មការនានារបស់រដ្ឋសភាក៏បានប្រជុំ ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ ផ្តល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្នេហានៃយើង។ជាមួយគ្នានេះ រដ្ឋសភាក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយ បានទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេស ជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិនិងអន្តរជាតិនានា និងបានចូលរួមកិច្ចប្រជុំ អន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការរួមចំណែកដ៏មានតម្លៃដល់ការថែរក្សា សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ និងសកលលោក។ ព្រះករុណាព្រះមហាក្សត្រ ក៏បានព្រះរាជឱង្ការគូសបញ្ជាក់បន្ថែមថា អាស្រ័យដោយមូលដ្ឋានច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានកសាងឡើង រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា និងកោតសរសើរចំពោះ សមាជិក សមាជិកា ទាំងអស់ នៃរដ្ឋសភា ដែលដឹកនាំ និងបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ គួរជាទីមោទនៈជូនជាតិ មាតុភូមិ និងប្រជាជនគួរបញ្ជាក់ដែរថា បន្ទាប់ពីវិស្សមកាលមួយរយៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ រដ្ឋសភា នីតិកាលទី៧ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារ:ចំនួន ២៨ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានការចូលរួមរបស់ សមាជិក សមាជិកា ចំនួន ១០៥រូប៕ព្រះករុណា ព្រះមហាក្សត្រ សម្ដែងព្រះទ័យអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រ អភិវឌ្ឍជាតិ
ដោយMnsp-news
-
Tags:
ពត៌មានអន្តរជាតិ