ខេត្តព្រៃវែង ÷ពលរដ្ឋមួយគ្រួសារក្នុងចំណោមពលរដ្ឋ៩៦៤គ្រួសារ ដែលមានដីទំហំបណ្តោយ៤០ម៉ែត្រទទឹង ៤០ម៉ែត្រ ស្ថិតនៅក្នុងភូមិសំពោង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងដង្ហើយហៅ ឱ្យថ្នាក់ដឹកនាំជាតិកំពូលៗ ចេញជួយអន្តរាគមន៍ពួកគាត់ជាបន្ទាន់ផងចុះ ខណៈបច្ចុប្បន្នថ្មីៗនេះមានគ្រឿងចក្រឈូសឆាយពីក្រុមហ៊ុនដែលធ្វើការ ដាក់កម្លាំងប្រដាប់អាវុធអាជ្ញាធរជាច្រើន ដែលកំពុងតែឈរជើងនៅទីតាំងនោះ ដែលជាជាទីកន្លែងអភិវឌ្ឍន៍ផ្លូវមួយខ្សែ ផ្លូវលេខ ៣១២ ចាប់ពីចំណុចតភ្ជាប់ពីផ្លូវជាតិលេខ ១ ឆ្ពោះទៅព្រំដែនចក្រីក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង។
លោកស្រី សន ចាន់ថ្លា បានរៀបរាប់ដោយអួលដើមក លាយឡំនឹងទឹកភ្នែកផងដែរនោះបានបញ្ជាក់ប្រាប់មកសារព័ត៌មានច្បាស់ៗថា លោកស្រីនិងក្រុមគ្រួសារត្រូវបាត់បង់ដីដ៏ធំ ការធ្វើកាត់លើផ្ទៃដីរបស់គាត់ដែលមាន តម្លៃប្រមាណ១០ម៉ឺនដុល្លារ តែបែរត្រូវដោះស្រាយជាសំណងឱ្យគាត់កន្លងមកចំនួនតែ៤៨០០ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ហើយការអភិវឌ្ឍធ្វើផ្លូវថ្មី លើដោយកាត់ដីគាត់នេះ វាខុសពីអ្វីដែលជាការសាងសង់ជួសជុលលើផ្លូវចាស់ ដែលពលរដ្ឋជាច្រើនគ្រប់ៗគ្នា មិនមានផលប៉ះពាល់ខ្លាំងដូចគាត់នោះទេ។ លោកស្រីបានអះអាងបន្ថែមទៀតថា ដីរបស់គាត់ដែលមានតម្លៃដល់ប្រមាណ ១០ម៉ឺនដុល្លារនេះតើឱ្យគាត់យកត្រឹមតែ៤៨០០ដុល្លារ គឺវាសាកសមដែរឬទេ សូមឱ្យបងប្អូនសាធារណជនទាំងអស់ជួយពិចារណាមើលទៅ?ជុំវិញការលើកឡើងដ៏ច្រើនដែលពោរពេញទៅដោយអត្ថន័យ និងខ្លឹមសារហាក់ដូចជាធ្វើឲ្យគ្រួសារមួយនេះ កំពុងតែរងសម្ពាធ និងជួបនូវបញ្ហាដែលហាក់ដូចជាគ្មានដំណោះស្រាយទៅតាមការសម្របសម្រួល ជាមួយគ្នារវាងភាគីរបស់គណៈកម្មការនៃអន្តរក្រសួង និងរដ្ឋបាលខេត្តព្រៃវែង ដែលទទួលបន្ទុកនៅក្នុងវិវាទដោះស្រាយនេះ ជាមួយនឹងគ្រួសារលោកស្រី សន ចាន់ថ្លា ដែលជាម្ចាស់ដីនៅលើទីតាំងភូមិសាស្ត្រខាងលើនេះ។![]() |
ជុំវិញការលើកឡើងរបស់ពលរដ្ឋមួយគ្រួសារដែលមិនទាន់មានការដោះស្រាយបាននៅឡើយនោះ សារព័ត៌មានរបស់យើងក៏ធ្វើការស្នើសុំបញ្ជាក់បន្ថែមជុំវិញបញ្ហាទាំងអស់នេះដែលកើតឡើងនៅក្នុងតំបន់ស្រុកព្រះស្ដេចខេត្តព្រៃវែង ដើម្បីសុំការបញ្ជាក់បន្ថែមពីរដ្ឋបាលស្រុកព្រះស្ដេចសម្រាប់បង្ហាញជូនសាធារណជនឲ្យកាន់តែស៊ីជម្រៅជុំវិញរឿងដ៏ក្តៅគគុកមួយនេះ ក៏ប៉ុន្តែយើងបានព្យាយាមទូរស័ព្ទទៅលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច ខណៈដែលទូរស័ព្ទចូលហើយបែរជាមិនមានការឆ្លើយតបមកវិញនោះទេកាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៥ ថ្មីៗនេះ។
ហើយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះដដែល យើងក៏បានធ្វើការទំនាក់ទំនងទៅលោក ហុី ធួក ដែលមានឋានៈជាអភិបាលរងខេត្តព្រៃវែងទទួលបន្ទុកនៅក្នុងការដោះស្រាយលើបញ្ហាទំនាស់វិវាទដីធ្លីនេះ ក៏ប៉ុន្តែទូរស័ព្ទចូលហើយបែរជាមិនមានការទទួលទៅវិញ។ សារព័ត៌មានរបស់យើងក៏ព្យាយាមខលជាលើកទី២ ដោយទូរស័ព្ទបានទទួលហើយប៉ុន្តែមិនមានការឆ្លើយតបមកវិញ។ ដោយសារលោកជាអ្នកទទួលខុសត្រូវលើការដោះស្រាយវិវាទនេះដើម្បីឲ្យលោកបញ្ជាក់ជុំវិញបញ្ហាការដោះស្រាយនោះយ៉ាងណាដែរនៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងក៏ព្យាយាមទូរស័ព្ទទៅម្ដងទៀតជាលើកទី៣ ទីបំផុតចូលហើយនៅតែមិនលើកជាដដែលៗ យើងមិនដឹងថាលោកជាប់រវល់ឬយ៉ាងណានោះទេ។
សារព័ត៌មានរបស់យើងយល់ឃើញថានេះគឺជាព័ត៌មានមួយដែលត្រូវបង្ហាញអំពីតុល្យភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងអំពីបញ្ហាទាំងអស់នេះដែលកើតឡើង ហើយចៀសវាងការចោទប្រកាន់ណាមួយដោយលាបពណ៌ជុំវិញរឿងពលរដ្ឋដែលកំពុងតែជួបបញ្ហា ហើយបែរទៅជាមានករណីផ្សេងៗពាក់ព័ន្ធនឹងការផ្សព្វផ្សាយណាមួយដែលមិនមែនជាការញុះញង់ ហើយរឹតតែមិនមែនជាសកម្មភាពនៅក្នុងការផ្សព្វផ្សាយទាញទៅរកនយោបាយណាមួយនោះឡើយគឺសារព័ត៌មានរបស់យើងជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គមកម្ពុជាយើងចៀសវាងការរិះគន់ដល់កិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលដែលភាសាមួយឃ្លាគេតែងតែនិយាយថា(ខឹងគោវ៉ៃរទេះ)។
ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងនៅតែព្យាយាមចង់ឱ្យប្រភពពាក់ព័ន្ធផ្ដល់បន្ថែមទៀត យើងក៏បានទូរស័ព្ទទៅឯកឧត្តម អន ភារះ អ្នកនាំពាក្យសាលាខេត្តព្រៃវែងដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញរឿងករណីនេះផងដែរ ឯកឧត្តម អន ភារះ បានជម្រាបប្រាប់មកថា ជុំវិញការដោះស្រាយនោះគឺជាការដោះស្រាយតាមគោលនយោបាយដែលគណៈកម្មការអន្តរក្រសួងចុះធ្វើការ យើងក៏ធ្វើការសាកសួរបន្តទៀតថាតើជាគោលជំហរដូចជាគោលបំណងសម្រាប់រដ្ឋបាលខេត្តព្រៃវែងតើនៅតែបន្តមានការដោះស្រាយបន្តទៀតឬយ៉ាងណាដែរ? ហើយលោកក៏បានបញ្ជាក់បន្តទៀតថា ផ្លូវជិតហើយគេប្រញាប់បញ្ចប់គម្រោង ភាគច្រើនគេទៅអស់ហើយនៅសល់តែគាត់មួយ។
ហើយបន្ថែមជាងនេះទៅទៀតសារព័ត៌មានយើងក៏សុំឱ្យលោកបញ្ជាក់ជុំវិញការធ្វើជាដាច់ខាតក្នុងន័យជាគោលជំហរនៅតែតម្លៃនេះដដែល ឬក៏ជាការឱ្យពលរដ្ឋមួយគ្រួសារនេះទាមទារតវ៉ាតាមរូបភាពផ្សេងឬយ៉ាងម៉េចដែរ ជុំវិញសំណួរនេះលោកក៏បានប្រាប់ថា ឲ្យគាត់ទៅយកទៅគាត់ចង់បាន ។
សារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះការឆ្លើយតបត្រឡប់មកវិញរបស់ ឯកឧត្តម អន ភារះ ដែលជាអ្នកនាំពាក្យសាលាខេត្តព្រៃវែងផងដែរ។
ហើយសារព័ត៌មានរបស់យើងសូមជម្រាបនិងរំលឹកឡើងវិញថាកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ សាលាខេត្តព្រៃវែងបានចេញលិខិតបំភ្លឺជុំវិញការឡាយលើបណ្ដាញសង្គមដែលមានគណនីឈ្មោះ សន ប្រាក់ ដែល live ដោយឈ្មោះ សន ចាន់ថ្លា ពាក់ព័ន្ធការដោះស្រាយសំណងផលប៉ះពាល់លើគម្រោងផ្លូវខេត្ត៣១២ ស្ថិតនៅក្នុងភូមិសំពោង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្នុងអត្ថន័យនៃការបំភ្លឺនេះគឺរដ្ឋបាលខេត្តព្រៃវែងនៅតែប្រកាន់ជំហរថា ចំពោះករណីមួយគ្រួសារនេះ ដែលមិនព្រមទទួលយកសំណងផលប៉ះពាល់ពីគម្រោងដែលមានផ្ទៃដីទំហំ ៣៦០.២១ ម៉ែត្រការ៉េតែប៉ុណ្ណោះ ចំពោះសំណងផលប៉ះពាល់វិញ ក្រុមការងារអន្តរក្រសួង នៅតែរក្សាជំហរទូទាត់សំណងជូនគ្រួសារនេះដដែល រហូតដល់គម្រោងនេះត្រូវបានបិទបញ្ចប់។
សូមបញ្ជាក់ផងដែរថាផ្លូវលេខ៣១២ ស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែងដែលជាគម្រោងធ្វើឲ្យប្រសើរនូវបណ្តាញផ្លូវថ្នល់ជំហានទី២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដោយគម្រោងផ្ដោតលើការលើកកម្រិតជួសជុល និងថែទាំផ្លូវលេខ ៣១២។
តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជនទូទៅនៅតែបន្តតាមដានដោយយកចិត្តទុកដាក់អំពីបញ្ហាដែលកំពុងតែកើតឡើងចំពោះគ្រួសារលោកស្រី សន ចាន់ថ្លា ថាគឺជាការដោះស្រាយមានតុល្យភាពដែរឬទេចំពោះសំណងដែលផ្ដល់ជូនចំនួនដូច្នោះ ហើយតើគោលនយោបាយរបស់រាជរដ្ឋាភិបាលសិក្សាទៅលើផលប៉ះពាល់ចំពោះពលរដ្ឋទូទៅមានតុល្យភាពដូចៗគ្នាដែរឬយ៉ាងណា? អ្វីដែលសំខាន់បំផុតការលើកឡើងរបស់លោកស្រី សន ចាន់ថ្លា ថាការសាងសង់ផ្លូវលើដីរបស់គាត់គឺជាការសាងសង់មិនមែនជាការជួសជុលលើផ្លូវចាស់។ហើយវារឹតតែធ្វើឲ្យម្ចាស់ជំនួយដទៃៗទៀតអាចរុញរានៅក្នុងការផ្ដល់ជាជំនួយ ជាហិរញ្ញប្បទានជូនប្រសិនបើក្នុងករណីដែលមានបញ្ហាដែលកើតឡើងដូចក្នុងករណីខាងលើនេះ ហើយក៏ជាករណីដែលរាជរដ្ឋាភិបាលថ្នាក់ជាតិមិនចង់ឲ្យមានការអនុវត្តន៍ការអភិវឌ្ឍន៍ណាដែលបង្កផលប៉ះពាល់ដល់ពលរដ្ឋណាមួយនោះឡើយ ព្រោះរាជរដ្ឋាភិបាលបច្ចុប្បន្នក្រុមកិច្ចការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺអន្តរការរបស់សម្ដេចធ្វើការអភិវឌ្ឍន៍តាមរបៀបវះកាត់ប្រសិនបើមានភាពមិនប្រក្រតីណាមួយនៅក្នុងតំបន់ណានោះ។ហើយជាចុងក្រោយលោកស្រី សន ចាន់ថ្លា បញ្ជាក់បន្ថែមហើយបន្ថែមទៀតថាសូមឱ្យសម្ដេចតេជោ ហ៊ុន សែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍សម្រាប់រូបគាត់ដែលជាពលរដ្ឋមិនមានសិទ្ធិអ្វីដើម្បីតវ៉ាទៅតាមផ្លូវច្បាប់ណាមួយនោះឡើយមានតែជឿជាក់លើសម្ដេចទាំងទ្វេ ដែលខិតខំកសាងដើម្បីរក្សានូវសុខសន្តិភាពជូនដល់សង្គមជាតិរហូតមកដល់បច្ចុប្បន្ននេះ និងគោរពសម្ដេចក្រឡាហោម ស ខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលជាប្រមុខរាជរដ្ឋាភិបាលមានដើមកំណើតឈាមជ័រជាអ្នកខេត្តព្រៃវែងដូចគ្នា សូមសម្ដេច និងឯកឧត្តម ជួយមើលកូនចៅដែលកំពុងតែរងទុក្ខវេទនាដោយសាររឿងរ៉ាវទាំងអស់នេះផង លោកស្រី សន ចាន់ថ្លា បានបន្ថែមទៀតថាសូមអំពាវនាវដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងសូមឯកឧត្តមជួយពិចារណា និងគិតអំពីការស្នើសុំរបស់គាត់មិនមែនគាត់មិនចង់ឲ្យមានការរារាំងអភិវឌ្ឍអ្វីនោះទេ គាត់ពេញចិត្តទៅនឹងការអភិវឌ្ឍន៍ ហើយសម្រាប់ពលរដ្ឋរិតតែឃើញផ្លូវល្អនៅក្នុងការធ្វើដំណើរទៅហើយនិងមកក្នុងការកសាងជាតិផងដែរ តែអ្វីដែលសំខាន់ដីរបស់គាត់គឺជាដីដែលផ្លូវធ្វើថ្មីកាត់តែម្ដងមិនមែនជាផ្លូវចាស់ដែលត្រូវជួសជុលដូចពលរដ្ឋផ្សេងៗនោះទេ ហើយក៏តម្លៃវាមិនសាកសមនឹងការដោះស្រាយនេះផងដែរ សូមឯកឧត្តម សួន សុម៉ាលីន ជួយដោះស្រាយដោយការគោរពពីកូនចៅផងចុះ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !