ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងក្រុមហ៊ុនមួយកន្លែង ឆែកឆេររកឃើញទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត ២០តោន និងឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិវៀតណាម នាំទៅសាកសួរ ។
ករណីបង្ក្រាបទឹកឃ្មុំក្លែងបន្លំនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ប្រតិបត្តិការខាងលើនេះ ដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីសាខា (ក.ប.ប) រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋាន ។សមត្ថកិច្ចឲ្យដឹងថា ក្រោយត្រួតពិនិត្យយើងបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប ១៩,៨៩០គីឡូក្រាម ។ ទឹកឃ្មុំទាំងអស់នេះ សង្ស័យជាផលិតផលក្លែងបន្លំប្រភពដើម ។![]() |