ភ្នំពេញ÷នៅឆ្នាំ២០២៤ កន្លងទៅយន្តការច្រកចេញចូលតែមួយទូទាំងប្រទេសបានផ្ដល់សេវាជាង ៥លានសេវា និងទទួលបានចំណូលជាង ៣៥លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ក្នុងសប្ដាហ៍នេះ ។
របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងទៅ អង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេស បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៥.២០៦.៣៤៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៤១ពាន់លានរៀល សមមូលនឹង ៣៥,៣ លានដុល្លារអាមេរិក ដោយក្នុងនោះនៅថ្នាក់រាជធានី ខេត្ត មានចំនួន៨៨៥.១១៧សេវាទទួលបានចំណូល១៣០ពាន់លានរៀល (៣២,៥លានដុល្លា) និងថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួន ៤.៤២១.២៣១សេវា ទទួលបានចំណូល ១១ពាន់លានរៀល(២,៨លានដុល្លា)។ឯកឧត្តម ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការងារផ្តល់សេវារដ្ឋបាលត្រូវបានរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងបានពង្រីកការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលរាធានី ខេត្តចំនួន១២។ តាមរយៈយន្តការច្រកចេញចូលតែមួយ រដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដាសេវាដែលបានកំណត់។ជាមួយគ្នានេះក៏បានរៀបចំដាក់ឱ្យអនុវត្តសាកល្បងការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក គោលដៅចំនួន៩ ផងដែរ៕ ផ្សាយ៖ កន ចំណាន, ប្រភព៖ ក្រសួងមហាផ្ទៃ