ភ្នំពេញ-ករណី ឃាតកម្ម (ប្រើកាំបិតកាប់បណ្តាលអោយស្លាប់) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០១និង៥០នាទីរំលងអាធ្រាត្រ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យជាប្តី ប្រដាប់ដោយកាំបិត។
សមត្ថកិច្ចបានឲ្យដឹងថា-ជនសង្ស័យឈ្មោះ ឈឹម បញ្ញាពិទូរ្យ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងអង្គរក្ស មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញស្រុកកំណើតភូមិ កំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោងខេត្តកំពង់ធំ (រត់គេចខ្លួន) ។
ចំណែកស.ពជនរងគ្រោះមានឈ្មោះ ម.ស.ន. ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (សពតម្កល់នៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជារបស់ឪពុកបង្កើត) ។
តាមការរៀបរាប់ពីឪពុកបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា-រយៈកាលកន្លងមកជនរងគ្រោះ និង ជនសង្ស័យជាប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា ហើយបុរសជាប្តីបានដកកាំភ្លើងបាញ់គំរាមសម្លាប់ប្រពន្ធជាច្រើនដងមកហើយដោយសារបញ្ហាភ្លើងប្រច័ណ្ឌ និងទំនាស់គ្នាបញ្ហាលុយកាក់ ក្នុងការពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់ ។
លុះនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០១និង៥០នាទី រំលងអធ្រាត្រ ជនរងគ្រោះ និងជនសង្ស័យជាប្តី បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេក ពេលនោះឈ្មោះ ម៉ុង ប៉ោហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានលឺសម្លេងឈ្មោះប្រកែកគ្នា ក៏គោះទ្វារ អោយបើក តែបងស្រីមិនបើក ហើយក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ដែលមានចំងាយប្រហែល១៥ម៉ែត្រពីផ្ទះកើតហេតុ ក្រោយមកខ្លួនក៏បានក្រឡេកឃើញរថយន្ត(មិនចាំម៉ាក ក្នុងស្ថានភាពងងឹត) ចត់នៅលើផ្លូវបេតុង ក្រៅរបង មុខផ្ទះកើតហេតុ ពេលនោះឃើញឈ្មោះ ចឹក សូយ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ បានគ្រាបងប្រុសបង្កើតរបស់ខ្លួនចេញពីផ្ទះកើតហេតុ ឡើងជិះរថយន្ត ដែលចត់ទុកនៅខាងក្រៅរួចជាស្រេច ជិះគេចខ្លួនបាត់។
បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ដោយមានការសង្ស័យក៏បានដើរទៅបន្ទប់ដេករបស់បងស្រី បើកទ្វារចូល ឃើញបងស្រីដេកនៅលើគ្រែពូកក្នុងថ្លុកឈាម ដោយមានស្លាកស្នាម ខាងក្រោមត្រចៀកខាងស្តាំ ០២ កន្លែង, លើថ្ងាស់០១កន្លែង, លើក្បាលផ្នែកខាងឆ្វេង០២កន្លែង និងចាក់កញ្ចឹងកខាងឆ្វេង០១កន្លែង ខ្លួនក៏យករថយន្តផ្ទាល់ខ្លួន ដឹកបងស្រី ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពេលទៅដល់ក្រុមគ្រូពេទ្យបានពិនិត្យជីពចរនៅលើរថយន្ត ហើយប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់មុនពេលមកដល់មន្ទីរពេទ្យ ដោយសារតែមិនអស់ចិត្តក៏បន្តដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ក្រុមគ្រូពេទ្យបានពិនិត្យជីបចរ ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ។ បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ក៏បានដឹកសាកសព បងស្រីបង្កើត មកតម្កល់ នៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាផ្ទះរបស់ឪពុកបង្កើត)។ ការសន្និដ្ឋាន និងវាយតម្លៃ : ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារអំពើ ឃាតកម្ម កាប់សម្លាប់ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកឃាតករដែលជាប្តីកំណាចខាងលើសមត្ថកិច្វជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោកំពុងតែបើកការស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕