អភិបាលខេត្តកំពង់ចាម ស្នើសុំបញ្ចូលសាលាបឋមសិក្សាទាំង ៤១០សាលា ចូលជាសាលាគោលដៅ គ.វ.អ សំដៅចូលរួមពង្រឹង និងលើកកម្ពស់គុណភាពអប់រំ
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម ស្នើសុំបញ្ចូលសាលាបឋមសិក្សាទាំង ៤១០សាលា ចូលជាសាលាគោលដៅ គ.វ.អ សំដៅចូលរួមពង្រឹង និងលើកកម្ពស់គុណភាពអប់រំ

កំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើសុំដល់ប្រធានលេខាធិការដ្ឋាន គ.វ.អ ជួយបញ្ចូលសាលាបឋមសិក្សាទាំង៤១០សាលា ចូលជាសាលាគោលដៅ គ.វ.អ សំដៅចូលរួម ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ ដែលជាវិស័យគន្លឹះ និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សង្គមជាតិ នាពេលបច្ចុប្បន្ន និងពេលអនាគត។

ការស្នើសុំបែបនេះក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តកំពង់ចាម និងខេត្តព្រៃវែង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគ.វ.អ. ដោយមានការអញ្ជើញចូលរួមពីនៅឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ,គណៈប្រតិភូនៃគណៈកម្មាធិការ, មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណ៦០០នាក់ ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្តពិតជាមានមោទនភាពខ្ពស់ដោយ លេខាធិការដ្ឋានដែលបានជ្រើសរើស និងចាត់បញ្ចូល សាលាទាំង ១៤ ក្នុងខេត្តកំពង់ចាម ជាសាលារៀនគោលដៅសម្រាប់អនុវត្ត វិធានការគន្លឹះ គ.វ.អ ព្រមទាំងបានសំដែងនូវការគាំទ្រចំពោះ គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តនិរន្តរភាពក្នុងកំណែទម្រង់លើវិស័យអប់រំនេះ ។
ឯកឧត្ដម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពអប់រំ ក៏តម្រូវឱ្យយើងត្រូវពិនិត្យមើលការផ្តល់សេវា អប់រំ ជាកញ្ចប់តាំងពីកម្រិតកុមារតូចដល់មធ្យមសិក្សា ដោយគុណភាពអប់រំផ្អែកលើកត្តាចូលរួម ចំនួន៥ រួមមាន៖ កត្តាទី១-នាយកសាលា, កត្តាទី២-គ្រូបង្រៀន, កត្តាទី៣-សិស្សានុសិស្ស, កត្តាទី៤- ការគាំទ្រពីគ្រួសារ និងកត្តាទី៥-ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានថ្លែងថា វិធានការគន្លឹះ គ.វ.អ. ដែលកំពុងអនុវត្តនៅតាមសាលាគោលដៅទូទាំងប្រទេសនាពេលនេះមានចំនួនសរុប ១៦១សាលា ដែលផ្តោតលើការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស ជាពិសេសការបង្កើនម៉ោងសិក្សាចំនួន ២ម៉ោងក្នុង១ថ្ងៃ ដោយមិនយកប្រាក់ពីឪពុកម្តាយសិស្សនោះទេ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃបំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកអន្តរាគមន៍ចំពោះពង្រឹងគុណភាពការអប់រំកម្រិតបឋមសិក្សា ជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងមូលដ្ឋានគ្រឹះនៃមូលធនមនុស្ស សម្រាប់ផ្សារភ្ជាប់ទៅគោលដៅសិក្សានៅថ្នាក់ខ្ពស់ និងការចូលទីផ្សារការងារប្រកបដោយចំណេះដឹងនិងជំនាញសមស្រប ៕
Previous Post Next Post