ឯកឧត្តម ហែម វណ្ណឌី ជំរុញការការពារកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតរបស់កម្ពុជា
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហែម វណ្ណឌី ជំរុញការការពារកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតរបស់កម្ពុជា

សៀមរាប ÷ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ។

ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា, និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រួមជាមួយឯកឧត្តមអភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសិល្បៈ និងភាគីពាក់ព័ន្ធជាច្រើន។


ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដោយលើកឡើងថា៖ "យើងអំពាវនាវឱ្យអ្នកទាំងអស់គ្នាគោរពកម្មសិទ្ធិបញ្ញា ដោយមិនចម្លង ឬផ្សព្វផ្សាយស្នាដៃតូរ្យតន្ត្រីដោយគ្មានការអនុញ្ញាត, គាំទ្រអ្នកនិពន្ធ និងអ្នកសិល្បៈ តាមរយៈការទិញស្នាដៃដោយស្របច្បាប់, និងយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការលើកស្ទួយឧស្សាហកម្មនៃសកម្មភាពផ្នែកវប្បធម៌ និងស្ថាបនាសង្គមដែលគោរពស្នាដៃគ្នាទៅវិញទៅមក។”
ឯកឧត្តមបានសង្កត់ធ្ងន់លើសក្តានុពលនៃឧស្សាហកម្មតូរ្យតន្ត្រី ជាកម្លាំងចលករសម្រាប់អការភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត (creative economy) របស់កម្ពុជា។

ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ផ្តល់សិទ្ធិផ្ដាច់មុខដល់អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកផលិត លើការប្រើប្រាស់ ឬចែកចាយស្នាដៃរបស់ខ្លួន។ ច្បាប់នេះហាមឃាត់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ និងលើកកម្ពស់បរិយាកាសគាំទ្រការវិនិយោគ និងការច្នៃប្រឌិតបង្កើតផលិតផល បទចម្រៀង និងតូរ្យតន្រ្តីថ្មីៗ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទិ្ធបញ្ញារួចហើយ។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ “កម្ពុជាមានមរតកវប្បធម៌មហាសាលដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ខ្ញុំជឿជាក់ថា កូនខ្មែរជំនាន់ក្រោយ តាមរយៈវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រើប្រាស់មរតកវប្បធម៌ទាំងអស់នោះ ទៅជាទ្រព្យកំណប់ ធ្វើឱ្យកិត្តិនាម និងកិត្តិសព្ទនៃតូរ្យតន្ត្រីយើងល្បីរន្ទឺសុះសាយពេញពិភពលោក។”
កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា ក្រោមកិច្ចសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយបានចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ និងបន្តបរិវិត្តកម្មឌីជីថលក្នុងវិស័យនេះ តាមរយៈការដាក់ឱ្យដំណើរការសេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) និងប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តគាំទ្រនវានុវត្តន៍ ការច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្ម៕

ផ្សាយដោយ ធូ កុសល MoINFO APP
Previous Post Next Post