ភ្នំពេញ÷សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយនឹងសមាជិកសមាជិកា បានបរិច្ចាគថវិកាចំនួន ១២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមនឹងសមាជិកសមាជិកាសមាគមសិល្បករខ្មែរ កន្លងមកនេះ ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។គូររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់។ដូច្នេះសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ, សប្បុរសជន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា៕