ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣

ភ្នំពេញ ÷ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអមកំពង់ផែស្វយ័តភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ភាគហ៊ុនិក និងថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់របស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត។

កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជា បាន ១០ឆ្នាំមកហើយ ដោយក្នុងនោះ ស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។
ក្នុងរបាយការណ៍ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះបរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួន ១៩៦៤ ៩១៥ តោន កើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៣ បរិមាណនាវាមានសរុបចំនួន ៥ ៦០២គ្រឿង កើនប្រមាណ៥២% ធៀបនឹងឆ្នាំ២០២៣ និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុប ៣៦ ០២៤នាក់ កើនឡើងប្រមាណ ៤៣% ធៀបនឹងឆ្នាំ២០២៣ ទាំងអស់នេះបានធ្វើឱ្យ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០% បើធៀបនឹងចំណូល ប្រចាំឆ្នាំ២០២៣ ហើយប្រាក់ចំណេញក៏កើនឡើងប្រមាណ ៣៨% ធៀបនឹងផែនការឆ្នាំ ២០២៣ ផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគរបស់កំពង់ផែស្វយ័តភ្នំពេញ លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងត្រូវបានបន្តជំរុញការអនុវត្តដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងដឹកនាំ កំពង់ផែស្វយ័តភ្នំពេញ ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសូមអរគុណចំពោះថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់ ដែលបានចូលរួមអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញសម្រេចបានលទ្ធផលការងារគួរជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា៖ កំពង់ផែស្វយ័តភ្នំពេញ មានផែនការយុទ្ធសាស្ត្ររយៈពេលវែងគឺ គម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមបណ្តាទីតាំងចំនួន ៧ រួមមាន៖ ចំណតផែរណបពហុបំណងក្រចេះ ចំណតផែរណបពហុបំណងបឹងកេត ចំណតផែរណបពហុបំណងចុងឃ្លៀស ចំណតផែរណបពហុបំណងកំពង់ឆ្នាំង ចំណតផែរណបពហុបំណងកំពង់លែង ចំណតផែរណបពហុបំណង ព្រែកក្តាម និងចំណតផែរណបពហុបំណងសុវណ្ណភូមិ ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យកាន់តែកៀកអតិថិជន និងជំរុញការនាំចេញកសិផលតាមតំបន់នីមួយៗបន្ថែម ទៀត ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅពេលគម្រោងព្រែកជីកហ្វូណនតេជោ បើកឱ្យដំណើរការជាផ្លូវការ៕
Previous Post Next Post