ខេត្តកណ្តាល៖ ថ្លៃនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកពញ្ញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ការដុតព្រៃដុតសំរាម ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
បន្ថែមពី ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសត្រូវខិតខំ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យ បានទាន់ពេលវេលា ដោយឈរលើគោលការណ៍ “ផ្តល់សេវាសាធារណៈល្អ ប្រជាពលរដ្ឋស្រឡាញ់”។ បន្តពង្រឹងយន្តការដឹកនាំ សម្របសម្រួល ក្នុងការពិនិត្យ សិក្សាស្រាវជ្រាវ និង ក្តាប់នូវបញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នា ដោះស្រាយ និងឆ្លើយតបឱ្យបានចំគោលដៅ ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ត្រូវខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការបំផុសចលនាក្នុងសង្គមទាំងមូលឱ្យចូលរួមជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងជំរុញការប្រើប្រាស់កម្មវិធី NoDrug របស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមរាយការណ៍ និងទប់ស្កាត់សកម្មភាព ជួញដូរ ប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន។ ក្នុងន័យនេះគ្រប់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវដាក់QR Code កម្មវិធីApp NoDrug នេះ ទុកសម្រាប់អោយប្រជាពលរដ្ឋធ្វើដំឡើងយកទៅប្រើប្រាស់។