ភ្នំពេញ ÷ ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុកបាន ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូល ក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត ប៉ុន្តែជាក់ស្តែងក្រសួងកសិកម្មហាក់មិនមានយន្តការតម្លាភាព ដែលបញ្ជាក់អំពីលទ្ធភាព នៃការចិញ្ចឹមធនធានត្រីនៅក្នុងស្រុកនោះឡើយ។សេចក្ដីសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជនកាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្រកបមុខរបរ វារីវប្បកម្មនៅកម្ពុជា។យោងតាមក្រសួងកសិកម្មឱ្យដឹងថា ផលវារីវប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ទទួលបានប្រមាណ៣សែន២ម៉ឺនតោន ហើយកាលពីឆ្នាំ២០២០ កម្ពុជា ធ្លាប់នាំត្រីចូលចំនួនប្រមាណ ១ម៉ឺន ៧ពាន់ ៤០០តោន។ទោះជាយ៉ាងណា សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្ដីបារម្ភ ចំពោះសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ ដោយសមាគមបានលើកឡើងពីក្ដីកង្វល់ជុំវិញកង្វះតម្លាភាព នៃកូតាអនុញ្ញាតឱ្យនាំត្រីចូល ជាហេតុដែលអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុកមិនគ្រប់តាមតម្រូវការជាក់ស្ដែង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាអ្នកនាំចូលផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្មពិនិត្យមើលឡើងវិញ នូវសេចក្ដីសម្រេច រឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាតឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួនដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគាត់មិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។![]() |
ជាចុងក្រោយ ក្រុមហ៊ុនដែលជាសមាជិកទាំងអស់នៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក៏ស្នើសុំឱ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញថា ប្រភេទត្រីណាខ្លះដែលកំពុងនាំចូលពេលបច្ចុប្បន្ន អាចផលិតបានក្នុងស្រុក ដើម្បីឱ្យក្រុមហ៊ុនទៅប្រមូលទិញមកបង្គ្រប់ទីផ្សាររបស់ខ្លួន មុននឹងកាត់បន្ថយបរិមាណដែលលិខិតរបស់ក្រសួងមិនអនុញ្ញាតឱ្យនាំចូល។ យើងខ្ញុំដែលជាសមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ប្ដេជ្ញានឹងមិននាំចូលប្រភេទត្រីដែលផលិតបានក្នុងស្រុកដែលគ្រប់តម្រូវការឡើយ។ (បញ្ជាក់!) សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ជួយប្រមូលទិញត្រីក្នុងស្រុករាល់ថ្ងៃ ហើយត្រីដែលនាំចូលគឺមានតែត្រីរ៉ស់ ត្រីអណ្តែង ត្រីទីឡាប់យ៉ា ត្រីស្ពិន ត្រីកាហែ ត្រីកាប និងកង្កែបប៉ុណ្ណោះ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ