ភ្នំពេញ ÷ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បានចាប់ផ្តើមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។
តាមការគ្រោងទុកនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តាមជើងហោះហើរលេខSQ 154 ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីបានអញ្ជើញមកដល់កម្ពុជាហើយ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អញ្ជើញទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង រួមនឹងមានជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា។បន្ទាប់មកទៀត ឯកឧត្តម Lawrence Wong នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី ។សូមបញ្ជាក់ថា កម្ពុជា និងសិង្ហបុរីបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៦៥។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិង្ហបុរីមកកម្ពុជានេះ គឺស្របពេលជាមួយនឹងខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៕