ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺស្មើនឹងមិនផ្តល់តម្លៃចំពោះថ្ងៃរំដោះ៧មករា១៩៧៩
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺស្មើនឹងមិនផ្តល់តម្លៃចំពោះថ្ងៃរំដោះ៧មករា១៩៧៩

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៧មករា២០២៥ បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត «ច្បាប់ស្តីពីការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ឱ្យបានម៉ឺងម៉ាត់បំផុត។

ការស្នើអោយពង្រឹងការអនុវត្តច្បាប់នេះ បានធ្វើក្រោយពេលដែលកម្ពុជាបានអនុម័តច្បាប់នេះកាលពីថ្ងៃទី២៥មិថុនា២០១៣ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានវត្តមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា ការបង្កើតច្បាប់ខាងលើនេះដោយផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។ពិតណាស់អង្គការសហប្រជាជាតិបានទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយងាកមកគាំទ្រដល់សាលាក្តីខ្មែរក្រហមក្រោមច្បាប់កម្ពុជាដែលបានចំណាយជិត៤០០លានដុល្លារដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមកំពូលៗ។
ការមិនទទួលស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ វាជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិត នៅក្នុងសម័យដ៏ខ្មៅងងឹត ហើយនិងការឈឺចាប់របស់ជនរងគ្រោះដែលបានរួចរស់ជីវិតរហូតមកដល់សព្វថ្ងៃ។យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជាបានអោយដឹងថា នៅក្នុងរបបប៉ុលពត សាលារៀន មន្ទីរពេទ្យ និងវត្តអារ៉ាម ត្រូវប្រែក្លាយទៅជាគុក ដែលសរុបមានចំនួន ១៩៦កន្លែងទីតាំងវាលពិឃាដមាន ៣៤៣ កន្លែងសម្រាប់សម្លាប់ជនរងគ្រោះ និងទីតាំងរណ្តៅសាកសពរួមមាន ១៩៤៤០រណ្តៅ។ក្នុងរយៈពេលគ្រប់គ្រងប្រទេស ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរបានស្លាប់ប្រហែលជាង២លាននាក់ ខណៈមានការប៉ាន់ស្មានថាប្រជាពលរដ្ឋខ្មែរនៅមុនឆ្នាំ១៩៧៥មានប្រមាណតែ៧លាននាក់តែប៉ុណ្ណោះ។
ពោលគឺក្នុងរយៈពេល១ឆ្នាំៗ ប្រជាពលរដ្ឋខ្មែរខ្ទង់បរិមាណកន្លះលាននាក់ត្រូវរបបខ្មែរក្រហមសម្លាប់។ ដូចនេះប្រសិនបើរបបប៉ុលពតមានអាយុវែងជាងនេះចំនួន៥ឆ្នាំទៀតនោះប្រជាពលរដ្ឋខ្មែរនឹងស្លាប់អស់ជាពុំខានឡើយ។អាស្រ័យហេតុនេះ បានជាសម្តេចតេជោ ហ៊ុនសែន និងយុទ្ធមិត្តមិនបង្អន់យូរត្រូវប្រញាប់ប្រមូលកម្លាំងបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃទី២ធ្នូឆ្នាំ១៩៧៨ ហើយឈានទៅផ្តួលរំលំរបបប៉ុលពតទាន់ពេលវេលានិងយ៉ាងឆាប់រហ័សដោយប្រើពេលតែរយ:ពេល១ខែនិង៥ថ្ងៃ ដើម្បីរំដោះប្រជាពលរដ្ឋ ដែលនៅរស់រានមានជីវិតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងស្រោចស្រង់ប្រទេសជាតិឡើងវិញ។ ថ្ងៃ៧មករាឆ្នាំ១៩៧៩ គឺ ជាថ្ងៃដែលជីវិតប្រជាពលរដ្ឋរួចផុតពីមាត់ជ្រោះមរណៈ និងជាសច្ចភាពប្រវត្តិសាស្ត្រ មិនអាចបិទបាំងបានឡើយ។ដូចនេះ ជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺក្បត់ចំពោះខ្លួនឯងដែលបានបួងសួងអោយទេវតាមកជួយគេចផុតពីត្បូងចប ហើយជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺស្មើនឹងមិនផ្តល់តម្លៃចំពោះថ្ងៃរំដោះ៧មករា១៩៧៩ ក៏ដូចជាល្មើសគុណចំពោះពលិកម្មរបស់អ្នកបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដូចនេះដែរ។សូមបញ្ជាក់ថា ការបង្កើត «ច្បាប់ស្តីពីការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” នេះ គឺបន្ទាប់ពីក្រុមប្រឆាំងបានលើកឡើងថា គុកទួលស្លែងឬមន្ទីរសន្តិសុខ-ស ២១ ដែលបានសម្លាប់មនុស្សប្រមាណ ២០ ០០០នាក់ថា ជាគុកសិប្បនិមិ្មត ។យោងតាម «ច្បាប់ស្តីពីការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិប្យ”ដែលបានអនុម័តកាលពីឆ្នាំ២០១៣ មានចំនួន៥មាត្រា និងចែងពីការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ រួមនឹងការពិន័យជាប្រាក់ពី១លាន ដល់៤លានរៀលចំពោះជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)
Previous Post Next Post